តាកែវ៖ ស្រុកចំនួន ៤ របស់ខេត្តតាកែវ រួមមាន ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកអង្គរបូរី និងស្រុកបាទី បាននិងកំពុងរៀបចំពិធីប្រណាំងទូក ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្កើតភាពសប្បាយរីករាយ និងរក្សាប្រពៃណីជាតិ។
យោងតាមព័ត៌មានពីអាជ្ញាធរស្រុកទាំង៤ ក្នុងនោះទីតាំងរៀបចំពិធីប្រណាំងទូកនៅតាមស្រុកទាំង ៤ រួមមាន៖
១-ស្រុកព្រៃកប្បាស៖ រៀបចំនៅវត្តចារ (ឃុំចារ) ដែលមានទូកចូលរួមចំនួន ១៩ ទូក និងនៅវត្តកំពែង (ឃុំកំពែង) ដែលមានទូកចូលរួមចំនួន ២៤ ទូក (ស្មើ ១២ គូ)។
២- ស្រុកអង្គរបូរី៖ រៀបចំនៅវត្តកំពង់ហ្លួង (ឃុំអង្គរបូរី) មានទូកចូលរួមចំនួន ៦ ទូក នៅវត្តកោះ (ឃុំបាស្រែ) មានទូកចូលរួមចំនួន ១៦ ទូក និងនៅទំនប់ព្រែកច្រាច់ (ឃុំពន្លៃ) មានទូកចូលរួមចំនួន ៧ ទូក។
៣-ស្រុកបាទី៖ រៀបចំនៅវត្តប្រាសាទស្រះកែវ (ភូមិមានជ័យ ឃុំក្រាំងលាវ) នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានទូកចូលរួមចំនួន ១២ គូ (ស្មើ ២៤ ទូក)។
៤-ស្រុកសំរោងមានរៀបចំការប្រណាំងទូកចំនួន ០២ ក្នុងស្រុកសំរោង ខេត្តតាកែវផងដែរ ។
ពិធីប្រណាំងទូកទាំងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ប្រពៃណីទំនៀម ទម្លាប់ជាតិ បង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅតាមមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះផងដែរ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការរៀបចំ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ចូលរួមទស្សនា និងកម្សាន្តសប្បាយឱ្យបានច្រើនកុះករ៕

