(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គកឋិនទានសាមគ្គី យកទៅវេរប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះវិហារធំសសរ១០០ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
ពិធីបុណ្យត្រូវបានប្រារព្ធឡើងចំថ្ងៃពេញបូណ៌មី ១៥កើត ខែកត្តិក ស្របតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងបរិយាកាសសោមនស្សរីករាយ និងជ្រះថ្លាក្រៃលែង។ ពិធីដង្ហែត្រៃចីវរ និងទេយ្យទាននេះ ធ្វើឡើងដើម្បីឧទ្ទិសកុសលផលបុណ្យ ព្រមទាំងប្រមូលបច្ច័យយកទៅកសាង និងទ្រទ្រង់សមិទ្ធផលនានាក្នុងទីអារាមប្រវត្តិសាស្ត្រមួយនេះ។
ការរៀបចំអង្គកឋិនទានសាមគ្គីនេះ មិនត្រឹមតែជាការបំពេញបុណ្យកុសលតាមពុទ្ធោវាទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីភាព និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា លើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ។

រូបថត៖ ខឹម សុវណ្ណារ៉ា និងឡុង ដេវីត
